គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសមាជវិសាមាញ្ញដើម្បីជ្រើសរើសប្រធានគណបក្សថ្មី ។

ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៧ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសមាជវិសាមាញ្ញមួយ ដើម្បីជ្រើសរើសប្រធានគណបក្សថ្មី ក្នុងការសមាជនោះ មានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាជាតិ គណៈកម្មាធិការអចិន្ត្រៃ និង ថ្នាក់ដឹកនាំ នៃគណបក្ស ចំនួន ១៥៧នាក់ ជាពិសេសក៏មានវត្តមានលោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអញ្ជើញចូលរួមផងដែរ ។ ក្នុងការសមាជវិសាមាញ្ញនោះ លោកស្រី ហួន ផាន់ណារី ត្រូវបានសមាជិក សមាជិកា ក្រុមប្រឹក្សាជាតិ ដែលមានវត្តមាន បានផ្តល់សេចក្តីទុកចិត្ត ទៅលើលោកស្រីឲ្យធ្វើជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ។

ក្រោយពី លោកស្រី ហួន ផាន់ណារី ទទួលបានសំឡេងភាគច្រើន ៩៥% ពីសមាជិក ក្នុងសមាជដែលមានវត្តមាន ឲ្យធ្វើជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកស្រីបានសំដែងសេចក្តីអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុតដល់សមាជិកទាំងអស់ ដែលបានបោះឆ្នោតគ្រាំទ្រលោកស្រីឲ្យធ្វើជាប្រធានគណបក្ស ។ ហើយលោកស្រី បានបញ្ជាក់ទិសដៅយ៉ាងច្បាស់លាស់សំរាប់គោលការណ៏ របស់គណបក្សទៅ អនាគតគឺ បើខ្មែរយើង ទាំងអស់គ្នាចង់មានការផ្លាស់ប្តូរ ឲ្យប្រទេសយើង ជាប្រទេសនិតិរត្នពិតប្រាកដ ហើយចង់ឲ្យប្រទេសយើង សុខសប្បាយមានការរីកចំរើន ហើយនិងសិទ្ធិសេរីភាពគ្រាប់គ្រាន់ ហើយបើយើង ចង់រក្សាទឹកដីខ្មែរឲ្យបានគង់វង្សតទៅទៀត លោកស្រី ហ៊ួន ផាន់ណារី បានប្រកាស គោលការណ៏ ៧ចំនុចជាអតិភាពយកទៅអនុវត្តក្រោយដែលបានជោគជ័យ ក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ ២០១៨ ដែលមានដូចតទៅ ៖

១. ជួយស្តាជីវភាពអ្នកក្រីក្រដែលនៅស្រទាប់ក្រោមគេ ។
២. ប្តូរពី ៥០+១ មក ២/៣ វិញ ។
៣. បុគ្គលម្នាក់ៗមានសិទ្ធិឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្ត្រីបានតែពីរអាណត្តិតែប៉ុណ្ណោះ ។ 
៤. អ្នកដែលជាប់ជាតំណាងរាស្រ្ត និងព្រឹទ្ទសភាគ្មានសិទ្ធិធ្វើជំនួញ ចូលភាគហ៊ុនឫបើកក្រុមហ៊ុន ។
៥. ពិនិត្យឡើងវិញព្រំដែនខ្មែរ-វៀតណាម និងព្រំដែនខ្មែរ-ថៃ ហើយនិងសិទ្ធិសញ្ញាឆ្នាំ១៩៥៤ នៅ GENEVE ប្រទេស Suisse ដែលប្រទេសវៀតណាមបានទទួលស្គាល់ព្រំដែនរបស់ខ្មែរ ។
៦. ការកាប់បំផ្លាញព្រៃឈើ ការបូមខ្សាច់ខុសច្បាប់ ការបំផ្លាញសម្បត្តិធម្មជាតិ និង អ្នកផលិតគ្រឿងញៀន គឺត្រូវកាត់ទោសជាជនក្បត់ជាតិ ។
៧. រដ្ឋាភិបាលថ្មី និងស្នើថ្វាយលិខិតដល់ព្រមហាក្សត្រ សុំឲ្យលើកលែងទោសចំពោះអ្នកទោសនយោបាយ ឫអ្នកនយោបាយមានទោស និងអ្នករងគ្រោះដោយសារការបញ្ចេញមតិ ។

ដើម្បីមើលរូបបន្ថែមសូមចូលទៅកាន់ link៖ សូមចុចនៅត្រង់នេះ